Home ព័ត៌មានជាតិ

ឃើញរកលុយបានស្រួល ចេះតែរកទៅ! ពេលជាប់ខ្នោះ ទើបទឹកភ្នែក

ចែករំលែក

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៣នាក់ ជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន យ៉ាងសកម្មត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀន ចំនួន១២កញ្ចប់ កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ នោះទី១-ឈ្មោះ ប៉ែន ភា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ឡាយ ហេងហួត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះ ប្រាក់ ដារ៉ាន់ ហៅដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកបររថយន្តរោងចក្រ រ៉ូស៉ីង បច្ចុប្បន្នអ្នកទាំង០ ៣នាក់មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការ ស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាប ករណីជួញដូរ និងចែកចាយគ្រឿងញៀន ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ហើយឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី០៣នាក់ និងដកហូតម្សៅក្រាម ពណ៌សថ្លា ចំនួន១២កញ្ចប់តូច ហើយសមត្ថកិច្ចយើង បាននាំជនសង្ស័យខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

សហការី KBN