Home ព័ត៌មានជាតិ

សង្វេកណាស់! ដេកហូរឈាមរហូតទាល់តែស្លាប់ ហើយហៅរថយន្តសង្គ្រោះមិនឃើញមកទេ

ចែករំលែក

ភ្នំពេញ៖ មកពីហូបការមិត្តភក្ដិ ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿង បើកលឿនដូចហោះ មើលគ្នាអត់ឃើញ បានបើកបុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ បោកក្បាលហូរឈាមរហូតស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូ ផ្លោងធ្លាក់ក្នុងប្រឡាយទឹក កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិស្រែតេជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។


សពជនរងគ្រោះមានឈ្មោះ ភិន ចាន់សុភា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ផ្លែឈើនៅផ្សារពោធិ៍ចិនតុង ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ រីឯជនរងគ្រោះរងរបួសស្រាល មានឈ្មោះ ហែល សុភក្ត្រ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវជាមិត្តភក្តិជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-7525 ដោយឡែករថយន្តបង្ក មិនបានស្គាល់ម៉ាកបានបើករត់បាត់ស្រមោល ។

សាក្សីពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ២នាក់ ទើបតែមកពីការមិត្តភក្ដិនៅម្តុំភ្នំបាសិត ដោយជិះម៉ូតូហុងដាឌ្រីម តាមបណ្តោយផ្លូវបេតុងវត្តសម្ពលី ហៅវត្តភ្នាត ឆ្ពោះទៅផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តបង្ក មិនចាំម៉ាកវិញបើកលឿនតាមបណ្តោយផ្លូវទំនប់ស្រូវ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ជាកន្លែងងងឹតមើលគ្នាអត់ឃើញ ម៉ូតូជិះឆ្លងផ្លូវ បណ្តាលអោយរថយន្តបុកម៉ូតូរងគ្រោះ ពេញទំហឹង ខ្ទាតម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹក ចំណែកជនរងគ្រោះ ទាំង ២នាក់ ដួលរណូករណែលលើថ្នល់ ធ្វើអោយជនរងគ្រោះម្នាក់បែកក្បាលហូរឈាម រហូតដល់ស្លាប់ម្នាក់ ដោយសារតែប្រជាពលរដ្ឋ ទូរស័ព្ទហៅរថយន្តសង្គ្រោះមិនឃើញទៅដឹក រីឯជនរងគ្រោះម្នាក់ទៀត រងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទៅក្រុមគ្រួសារសព អោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ សមត្ថកិច្ចជំនាញចរាចរណ៍ យកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ៕ សហការី KBN-live.com