រឿងនិទាន! ​ស្ដេច​ល្ងើ​ ជាមួយ តារា​កំប្លែង​ប្រចាំ​នគរ និងដើម​កំណើត​ស្បែក​ជើង​​

ចែករំលែក

រឿង​និទាន​បុរាណ​ឥណ្ឌា​ដ៏​មាន​តម្លៃ​មួយ​បាន​ពោល​ថា​មាន​ ក្សត្រ​ល្ងង់​ខ្លៅ​មួយ​អង្គ​ទ្រង់​រអ៊ូ​រ​ទាំ​រឿង​ផ្ទៃ​ដី​រដិប​រដុប ធ្វើ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ណា​មក​ណា​ត្រូវ​ឈឺ​ព្រះ​បាទា។​ ព្រះអង្គ​ក៏​ត្រាស់​បង្គាប់​ទៅ​ប្រជារាស្ត្រ ឲ្យ​ក្រាល​ស្បែក​គោ​នៅ​ទូទាំង​ផែនដី​ដើម្បី​ការពារ​ព្រះ​បាទា​ព្រះអង្គ​កុំ​ឲ្យ​ឈឺ។

ប៉ុន្តែ​មាន “តារា​កំប្លែង​ប្រចាំ​នគរ” ជា​មនុស្ស​ដ៏​ឆ្លាត​វៃ​បាន​សើច​ចំអក​ ហើយ​ពោល​ថា ​”ព្រះ​តម្រិះ​របស់​ព្រះអង្គ​គួរ​ឲ្យ​អស់​សំណើច​ណាស់”​។ ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង ទើប​ទ្រង់​ត្រាស់​បញ្ជា​ទៅ​តារា​កំប្លែង​នោះ​ថា ​”ឯង​ត្រូវ​រក​វិធី​ណា​ដែល​ល្អ​ជាង​នេះ​ទៅ​មើល! បើ​រក​មិន​ឃើញ ឯង​មុខ​ជា​កំបុត​ក្បាល​មិនខាន!”។

តារា​កំប្លែង​ទូល​ថា ​”សូម​ព្រះ​អង្គ​ចាត់​ឲ្យ​គេ​ចៀរ ស្បែក​គោ​ជា​បន្ទះ​តូច​ៗ​យក​មក​ស្រោប​ព្រះ​បាទា​ព្រះអង្គ ក៏​ជា​ការ​ស្រេច​ក្រាប​ទូល!”។ ស្បែក​ជើង​ក៏​ចាប់​កំណើត​ពី​ពេល​នោះ​មក។ ​យើង​មិន​ចាំបាច់​យក​ស្បែក​គោ​ទៅ​ក្រាល​ទូទាំង​ផែនដី​នោះ​ទេ​ គ្រាន់​តែ​យក​មក​ទ្រាប់​ជើង​រៀងៗ​ខ្លួន​ក៏​ជា​ការ​ស្រេច។

ដូច​គ្នា​នេះ​ដែរ ប្រសិន​បើ​យើង​គិត​ចង់​ផ្លាស់ប្ដូរ​ផែនដី​ គឺ​យើង​ដែល​នៅ​ជិត​ជាង​គេ​បំផុត​នេះ​ហើយ ដែល​ត្រូវ​ផ្លាស់ប្ដូរ អ្វីៗ​​គឺ​ចេញ​ពី​បុគ្គល​ម្នាក់ៗ​មុន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​ទ្រង់ទ្រាយ​ធំ​៕

ដកស្រង់.គឹម ចាន់​ណា

Loading...
ចែករំលែក