គេ​មាន​ប្រពន្ធ​​ហើយ ហេតុ​អី​ខ្ញុំ​​​​ស្រលាញ់​គេទៀត?

ចែករំលែក

គេ​មាន​ប្រពន្ធ​​ហើយ ហេតុ​អី​ខ្ញុំ​​​​ស្រលាញ់​គេទៀត?
ថ្ងៃមួយខ្ញុំបានជិះឡានក្រុង ចេញពីភ្នំពេញទៅបាត់ដំបង ស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំបានជួបមនុស្សម្នាក់។ ឃើញគេភ្លាម ភ្នែកទាំងគូរបស់ខ្ញុំ ចាប់ផ្ដើមលួចមើលគេរហូត ព្រោះគេអង្គុយកៅអីស្ដាំដៃខ្ញុំ ចំណែកបេះដូងខ្ញុំវិញ លោតឌុកដាក់ៗ ដូចជាចង់ប្រាប់ថា ខ្ញុំមានចិត្តស្រលាញ់គេហើយ។ខ្ញុំបានត្រឹមតែលួចមើលគេប៉ុណ្ណោះ។ លួចមើលគេទាល់តែគេដឹងខ្លួន ហើយរូបគេក៏ញញឹមដាក់ខ្ញុំវិញ។ ម្នាក់នោះមិនសូវជាមាត់កទេ ដៃរបស់គេកាន់ទូរសព្ទចុច មើលហ្វេសប៊ុក ចំណែកត្រចៀករបស់គេ កំពុងពាក់កាស iPhone 6 Plus ពណ៌ស គ្របដោយសក់វែងលប់ត្រចៀក។

រូបគេសង្ហាគួរសមដែរ អត្តចរិតម៉ឺងម៉ាត់ទៀត ធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍ថា ចង់ស្ទុះទៅអង្គុយក្បែរគេ និយាយលេងជាមួយគេ និងអោបគេឱ្យណែន មិនចង់ឱ្យរបូតពីដៃឡើយ។ ហ៊ឺម…ពិតមែនហើយ គាត់ពិតជាស្រដៀងនឹងគូដណ្ដឹងខ្ញុំណាស់។


កាលពីជាងមួយឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននឹងឡានដ៏រន្ធត់មួយ បានកើតឡើងនៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសច្រើននាក់ ហើយក្នុងនោះក៏មានគូដណ្ដឹងរបស់ខ្ញុំដែរ។ យើងទើបតែបានភ្ជាប់ពាក្យ រីឯសន្យាជាច្រើន គាត់មិនទាន់បានធ្វើឱ្យខ្ញុំទេ ហេតុអីគាត់ទៅចោលខ្ញុំអ៊ីចឹង? គាត់សន្យាថា នឹងនាំខ្ញុំដើរលេងគ្រប់ខេត្តផ្សេង កសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា រហូតដល់ចាស់កោងខ្នង។ គាត់បន្សល់ឱ្យខ្ញុំ ត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ។ ហេតុអីរឿងអាក្រក់នេះ កើតមកលើរូបខ្ញុំ។ ខ្ញុំនឹងគាត់ស្រលាញ់គ្នា ៣ ឆ្នាំហើយ ទម្រាំសម្រេចចិត្ត ភ្ជាប់ពាក្យ រៀបការ។ ហ៊ឺម….

ជិះដល់ខេត្តកំពង់ឆ្នាំង អ្នកលើឡានទាំងអស់ នាំគ្នាចុះញ៉ាំបាយនៅអាហារដ្ឋានមួយ គាត់ក៏ដើរមក ហើយញញឹមដាក់ខ្ញុំ ក្នុងកែវភ្នែករួសរាយរាក់ទាក់។ គាត់បានបន្លឺថា «តោះ! ញ៉ាំបាយ!»។ ញ៉ាំបាយរួច ម្នាក់ៗនាំគ្នាឡើងឡានវិញ បន្តដំណើរទៅមុខទៀត។បន្តិចក្រោយមកទូរសព្ទរបស់គេអស់ថ្ម ហើយក៏យកទូរសព្ទទៅសាក កន្លែងពូតៃកុងឡាន។ ដោតទូរសព្ទរួច គាត់សួរខ្ញុំថា «ខ្ញុំសុំអង្គុយជាមួយបានទេ?» ព្រោះកន្លែងខ្ញុំទំនេរមួយ ក្រោយមានអ្នកចុះ នៅកំពង់ឆ្នាំង។ ខ្ញុំញញឹមងក់ក្បាល យល់ព្រម។

ខ្ញុំបានប្រាប់គាត់ថា គាត់ដូចមនុស្សម្នាក់។ គាត់បើកភ្នែកធំៗ ហើយឆ្លើយទាំងញញឹមថា លើលោកនេះមានមនុស្សដូចខ្ញុំដែរ បែបហ្នឹងទេដឹង។ យើងទាំងពីរនាក់ក៏សើច។ ខ្ញុំសួរគាត់ថា «បងទៅណា?» គាត់ប្រាប់ថាទៅការមិត្តភ័ក្ដិ នៅបៃលិន តែត្រូវនៅលេងបងៗនៅបាត់ដំបងមួយយប់សិន។ យើងបានសុំលេខទូរសព្ទគ្នា ដើម្បីរាប់អានគ្នា។ យើងបានជជែកគ្នាពីនេះពីនោះយ៉ាងច្រើន ភ្លេចអស់ភាពងងុយគេង រហូតចុះពីឡានទៅគោលដៅរៀងខ្លួន។ទោះទើបជួបគេបានម្ដងគត់ តែខ្ញុំមានអារម្មណ៍ថា គាត់ដូចគូដណ្ដឹងខ្ញុំណាស់។ គាត់បានទាក់ទងខ្ញុំនៅថ្ងៃបន្ទាប់ យើងបាននិយាយគ្នា តាមទូរសព្ទ Chat តាមហ្វេសប៊ុក ផ្ដោះផ្ដង លែបខាយ ដាក់គ្នា។ ថ្ងៃមួយខ្ញុំធ្លោយ Chat ទៅគាត់ថា ខ្ញុំស្រលាញ់គាត់។ ចំណែកអារម្មណ៍ខ្ញុំ បានប្រាប់ខ្ញុំថា គាត់ក៏មានចិត្តស្រលាញ់ខ្ញុំវិញដែរ។

Seen តែគាត់ មិនឆ្លើយ…ពេលនោះមក ហ្វេសប៊ុករបស់គាត់ដូចជាស្ងាត់ ចំណែកទូរសព្ទ ក៏មិនដែលឃើញ Call មក សារក៏មិនឃើញផ្ញើ។ ប្រហែលជាគាត់ ជាប់រវល់អីហើយ។ មួយអាទិត្យក្រោយ ស្រាប់តែខ្ញុំឃើញរូបការរបស់គាត់ ត្រូវមិត្តភ័ក្ដិ បង្ហោះលើហ្វេសប៊ុក ព្រោងព្រាត។ក្រោយមក គាត់បាន Chat តបខ្ញុំវិញថា «បងក៏ស្រលាញ់អូនដែរ តែអ្វីៗវាហួសពេលហើយ យើងស្គាល់គ្នាយឺតពេក។ តែបងសុំរាប់អានអូន ជាមិត្ត។ បើអូនមានអីមិនសប្បាយចិត្ត Call ឬ Chat មកបង បងនឹងជជែកលេងជាមួយប្អូនស្រី។ ចាំបងមានពេល បងCall ទៅលេងណា»។

ដំណក់ទឹកតូចៗ ចាប់ផ្ដើមរមៀលលើថ្ពាល់របស់ខ្ញុំ ពេលឮសម្ដីដ៏គួរឱ្យគោរពនេះ។ ប៉ុន្តែខ្ញុំបានផ្ញើសារគួរឱ្យខ្មាសអៀនមួយទៅគាត់ថា «បើទោះបង មានប្រពន្ធ ខ្ញុំនៅតែស្រលាញ់បង!»។គាត់ពិតជាបុរសម្នាក់ ឱ្យខ្ញុំគោរពណាស់! គាត់មិនត្រឹមតែមិនស្អប់ មិនផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំ គាត់ថែមទាំងឱ្យដំបូន្មានល្អៗដល់ខ្ញុំទៀតផង។ សម្ដីរបស់គាត់ដែលខ្ញុំចងចាំ «កុំគិតអីផ្ដេសផ្ដាស កុំធ្វើអីឆ្កួតៗ ខំធ្វើការ ប្អូនស្រីនឹងមានអនាគតល្អ»។ទោះគាត់ចាត់ទុកខ្ញុំ ជាប្អូនស្រី តែខ្ញុំនៅតែមិនដាច់ចិត្តពីគាត់ ចង់បានគាក់ធ្វើជាស្វាមីណាស់ តែខ្ញុំមិនមែនជាមនុស្ស ធ្វើឱ្យគ្រួសារគេបែកបាក់គ្នាទេ។ ខ្ញុំទទួលយកការណែនាំល្អៗពីគាត់ និងចាត់ទុកគាត់ដូចជាបងប្រុសបង្កើត។

គាត់បានរៀបរាប់រឿងរ៉ាវរបស់ខ្ញុំទាំងប៉ុន្មាន ដល់ប្រពន្ធរបស់គាត់ ហើយអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តនោះ ចុងខែមេសាមុននេះ បងប្រុស និងបងស្រី បានមកលេងបាត់ដំបង ហើយក៏ឆៀងចូលលេងគ្រួសារខ្ញុំ។ ពួកយើងក៏បានរាប់អានគ្នា។ អរគុណបងប្រុស និងបងស្រី ដែលមកលេង «ក្មេងតូច» ម្នាក់នេះ៕

ប្រភព៖ sabay

Loading...