រឿងព្រេងនិទាន ខ្មោចប្រពន្ធចុង !!!

ចែករំលែក

វាជាពេលល្ងាចម៉ោងជិត៧ ។ ខ្ញុំ កំពុងបោសសំរាមនៅបរិវេណទីធ្លាមុខផ្ទះ ឯកូនប្រុសខ្ញុំកំពុងលេងក្បែរនោះ ហើយនិយាយពីនេះពីនោះតែម្នាក់ឯង។ បន្ទាប់មកវាងាករកខ្ញុំហើយសួរ ៖

«ម៉ាក់កំពុងធើអីហ្នឹង?»


«បោសសំរាមណាកូន!»

«បោសសំរាមធើអីហូវ?» វាសួរដេញដោល តាមទម្លាប់ក្មេងទើបរៀននិយាយ។ ខ្ញុំមិនដែលមានអារម្មណ៍ធុញខឹងនឹងការសួរដ៏សាំតាប៉ែរបស់វាទេ ។ ខ្ញុំឆ្លើយតបយ៉ាងស្រទន់ ៖

«គឺបោសវាដើម្បីឱ្យផ្ទះស្អាត កុំឱ្យគគ្រិចអ៊ែកៗណាកូន ដឹងទេលោកម្ចាស់ថ្លៃកូន?» វាញញឹម ហើយបែរទៅមុខវិញ ។

«ចុះមីងកំពុងធើអី?ម៉េចក៏មើលទៅមុខម៉ាក់ញុំរហូតអីចឹង?»
សំនួររបស់កូនប្រុសខ្ញុំធ្វើឱ្យខ្ញុំស្រឡាំងកាំង ។ នៅក្នុងផ្ទះនេះគ្មានអ្នកផ្សេងក្រៅពីខ្ញុំ និងវាទេ ហើយចុះវាឃើញមីងណាទៀត?ខ្ញុំសាកល្បងសួរបញ្ជាក់ ព្រោះសង្ស័យតែវានិយាយតែផ្ដាស ។
«កូននិយាយជាមួយណាគេហ្នឹង?»
«គឺមីងនេះ!» វាចង្អុលទៅមុខហើយងាកមើលមុខខ្ញុំ។ មានមនុស្សឯណាទៀត?ឬមួយក៏វាឃើញអ្វីម្យ៉ាងដែលយើងមើលមិនឃើញ?លើលោកនេះមានខ្មោចដែរហ្អេ?គិតដល់ត្រឹមនេះ ខ្ញុំនឹកដល់រឿងកាលពីអតីតកាលភ្លាម។ តើវាមកមែនឬ?វាមកដើម្បីអ្វី?សងសឹក?

«កូនថាមីងណា?ម៉ាក់អត់ទាំងឃើញផង!»

«នេះមីងនេះ…គាត់កាពុងតាមើលទៅម៉ាក់ហើយតើ»

ខ្ញុំឈប់នឹងមួយកន្លែង ទម្លាក់អំបោសចោលហើយដើរទៅទាញដៃកូនចូលក្នុងផ្ទះហើយបិទទ្វារយ៉ាងត្រហេបត្រហប ។ វាធ្វើមុខបែបងឿងឆ្ងល់ខ្លាំង ហើយនិយាយតាមភាសាក្មេង ៖

«ម៉ាក់!បិទទ្វារធើអីហូវ»

«កូនឃើញមីងហ្នឹងទៀតអត់?»

វាតបព្រមទាំងចង្អុលទៅក្រៅ ៖
«បើម៉ាក់បិទទ្វារបាត់ហើយ គាត់ចូលមកម៉េចបាន?»
បានវានិយាយអុីចឹងខ្ញុំធូរទ្រូងបន្តិច។ បើកុំតែខ្ញុំធ្លាប់មានអតីតកាលដ៏អាក្រក់ កុំអីខ្ញុំមិនបានជឿសម្ដីក្មេងឡើយ ព្រោះមិនដែលគិតថា មនុស្សដែលស្លាប់ហើយ អាចអណ្ដែតវិលវល់បានលើលោកានេះទេ ។

«កូនប្រាប់ម៉ាក់ម៉ោមើល៍ មីងនោះមានមុខមាត់ម៉េច?»

ក្មេងតូចព្យាយាមពណ៌នាអំពីភិនភាគស្ត្រីម្នាក់នោះយ៉ាងរដាក់រដុប ស្ដាប់ស្ទើរមិនយល់ ដែលកាន់តែរំលឹកខ្ញុំអំពីស្ត្រីម្នាក់នោះលើសដើម។ ខ្ញុំនាំវាទៅបន្ទប់គេង បំពេរឱ្យគេងលក់ហើយចុះមកជាន់ក្រោមវិញ។ នៅខាងក្រៅមេឃងងឹតឈឹង និងស្ងាត់ជ្រៀបដែលឮតែសំលេងសត្វចង្រឹតយំ គ្មានឡានម៉ូតូ គ្មានមនុស្សដើរ ដែលមិនខុសពីរាល់ដងទេ។ ដៃដ៏ញ័ររបស់ខ្ញុំបានចាប់សោរទ្វារបើក ហើយជើងទាំងគូបោះគៀជំហានយឺតៗចេញទៅក្រៅ។ ស្ងាត់ឈឹង គ្មានខ្យល់ គ្មានសូរសំលេង។ ខ្ញុំមើលជុំវិញខ្លួន ហើយដើរទៅក្រោយផ្ទះដោយទាញទូរស័ព្ទមកបញ្ចាំងពិល។ នៅខាងក្រោយផ្ទះ មានទ្វារមួយតូចសម្រាប់បើកចូលទៅក្នុងបន្ទប់ក្រោមដី។ មិនដឹងថា អារម្មណ៍ស្អីបានរុញច្រានខ្ញុំឱ្យបើកទ្វារហើយចុះទៅក្នុងបន្ទប់ងងឹតនោះ ។ ខ្ញុំខានបានមកខាងក្រោមនេះយូរហើយ។ ពីងពាងព័ទ្ធធ្វើសំបុកឡើងពាសពេញ។ នៅខាងក្រោមនេះមានទ្វារមួយទៀតសំរាប់ដាក់អីវ៉ាន់ តែខ្ញុំចាំថា ខ្ញុំមិនបានដាក់អីវ៉ាន់ស្អីចូលទៅក្នុងនេះទេ ហើយអ្វីដែលខ្ញុំដាក់ចូលចុងក្រោយគេបង្អស់ គឺសាកសព។ ខ្ញុំស្រម៉ៃឃើញរឿងអតីតកាលដែលព្យាយាមបំភ្លេចចោល តែពេលនេះវាបានផុសឡើងមកវិញ ។ រឿងនោះវាកន្លងទៅ២ឆ្នាំទៅហើយ។ គ្មាននរណាម្នាក់ដឹងរឿងនេះទេ ក្រៅពីខ្ញុំ។ កន្លងទៅ២ឆ្នាំប្រៀបដូចជាម្សិលម៉ិញ អ្វីៗដែលខ្ញុំធ្វើគឺខ្ញុំចាំបានទាំងអស់។ កាលនោះ ខ្ញុំ និងស្វាមី បានជួលស្ត្រីបម្រើក្រមុំម្នាក់ឱ្យមកជួយមើលការងារក្នុងផ្ទះ ព្រោះខ្ញុំ និងប្ដីសុទ្ធតែរវល់ធ្វើការដូចគ្នា គ្មានពេលធ្វើរឿងទាំងនោះឡើយ ។ ខ្ញុំសង្កេតឃើញអកប្បកិរិយាស្ត្រីនោះបញ្ចេញភាពស្នឹទ្ធស្នាលមកលើប្ដីខ្ញុំ ឯប្តីខ្ញុំក៏ហាក់ដូចជាកាន់ជើងវាខ្លាំងទៀតផង។ ពេលខ្លះ ខ្ញុំឈ្លោះជាមួយប្ដីដោយសារតែខ្ញុំបន្ទោសនាងកញ្ជះនឹងបន្តិចបន្តួច គាត់មកកាន់ជើង ពេលហ្នឹង ខ្ញុំមានផ្ទៃពោះ៧ខែ ហើយអ្វីៗដែលសង្ស័យ រឹតតែច្បាស់ឡើង។ ប្ដីខ្ញុំត្រូវក្រុមហ៊ុនហៅប្រជុំនៅទីក្រុង ដូចនេះវាជាឱកាសល្អសំរាប់ចាត់ការនាងជើងល្អនេះ។ ខ្ញុំបានជំរឹតសួរវាដោយឧបាយយ៉ាងល្អិត ទីបញ្ចប់ ដោយគ្មានផ្លូវគេចវេសបាន នាងក៏សារភាពថា នាងពិតជាបានលួចផិតសហាយស្មន់គ្នាជាមួយប្ដីខ្ញុំមែន។ វាថាវាជ្រុលជ្រួសមានកូន៤ខែហើយ ហើយទាមទារឱ្យខ្ញុំទទួលខុសត្រូវលើរឿងនេះ ព្រោះកូនប្ដីខ្ញុំវាដូចជាកូនរបស់ខ្ញុំដែរ។ ខ្ញុំជេរស្ដីនាង វ៉ៃដំច្រំធាក់នាង ទាំងទឹកភ្នែកហូររហាម។
kj «ចែ!សូមចែអានិតខ្ញុំផង ខ្ញុំមិនចង់ឱ្យមានរឿងនេះកើតឡើងទេចែ ហឺៗ..ហឹហឺុ»

ខ្ញុំនៅចាំសំលេងយំ និងការអង្វរករហេមរហាមរបស់នាងច្បាស់ណាស់។ គិតទៅមនុស្សប្រុសអត់មិនបានមែន គ្រាន់តែខ្ញុំមានផ្ទៃពោះ៧ខែ គាត់ទៅបំផើមស្ត្រីបម្រើ៤ខែដែរ។

«ចែមេត្តាខ្ញុំផង ហឺុៗហឹុៗ…»

«សូមចែមេត្តាយកខ្ញុំជាប្រពន្ធចុងស្របច្បាប់ផង … ចែអានិតកូនចែក្នុងពោះខ្ញុំ ចែ… »

«កូនម៉ែហងឯងស្អី?ចង់ប្រជែងកូនអញហ្អែស ?ម’អីទេ បានតើ!»

ខ្ញុំស្ទាបពោះកំប៉ោងរបស់ខ្ញុំ ដែលមានទារកដំបូងនៅក្នុងផ្ទៃ។ ដោយកំហឹងបិទមុខ គិតអ្វីក៏មិនយល់ ខ្ញុំទាញកូនកាំបិត ចាក់លឿនស្លេវទៅលើគ្រាប់ភ្នែកទាំងគូរ និងពោះស្ត្រីកញ្ជះថ្លើមធំ ហើយពេលហ្នឹង ខ្ញុំមិនយល់ពីអ្វីដែលបានធ្វើឡើយ។ ស្ត្រីដែលអង្វរកប៉ប៉ោចអំបាញ់ម៉ិញនេះ ឥឡូវស្ងាត់មាត់ហើយ គ្មានសញ្ញាថានឹងដឹងខ្លួនវិញទេ។ ពេលដែលខ្ញុំទទួលអារម្មណ៍ធម្មតាឡើងវិញ អ្វីៗគឺហួសហើយ។ ខ្ញុំត្រូវតែបំផ្លាញភ័ស្តុតាងហើយធ្វើយ៉ាងណាមិនឱ្យគេដឹងថា ខ្ញុំសម្លាប់នាង។ រូបភាពតុលាការកាត់ក្ដី រូបភាពគុក បានអណ្ដែតឡើងក្នុងខួរក្បាលខ្ញុំ។ ទេ!!! ខ្ញុំមិនអាចជាប់គុកបានទេ តែត្រូវធ្វើយ៉ាងណាចំពោះសាកសពនាងនេះ?ខ្ញុំមិនមានពេលគិតច្រើនទេ ក៏យកបាវធំមួយ លើកច្រកសាកសពចូលក្នុងបាវយ៉ាងលំបាកលំបិន។ ចុះបើមានអ្នកជិតខាងឃើញ?ទុកចិត្តចុះ នៅម្ដុំនេះគ្មានផ្ទះ គ្មានអ្នកជិតខាង គ្មានមនុស្សឡើយ បើក្រៅតែអំពីផ្ទះនេះ។ គ្មាននរណាគេចង់មកនៅទីដាច់ស្ងាត់ជាយក្រុងដូចនេះទេ។ ខ្ញុំអូសនាងចូលឃ្លាំងបន្ទប់ក្រោមដី ហើយតាំងពីពេលនោះមកអ្វីៗស្ងប់ស្ងាត់។ តែពេលនេះវាពិតជាមកតាមព្យាបាតខ្ញុំមែនឬ?ខ្ញុំត្រូវតែឈ្នះវា។

«កូនឃើញមីងនោះទៀតអត់?»

«នោះគាត់នៅខាងក្រៅហើយមើយើងតាមកាចក់»

ខ្ញុំងាកតាមវានិយាយស្រាប់តែឃើញមែន។ ស្ត្រីម្នាក់មានឈាមហូរដាបភ្នែកជោកផ្ទៃមុខកំពុងអើតតាមកញ្ចក់បង្អួច។ មិនបង្អង់យូរខ្ញុំទាញដៃកូនឱ្យទៅដេកហើយខ្លួនឯងចុះមកក្រោមវិញជាមួយពូថៅដ៏មុតស្រួច…

(រង់ចាំអានវគ្គបន្តនៅថ្ងៃពុធ)

ស្ថិតក្នុងសភាពយ៉ាងស្ងៀមស្ងាត់ ខ្ញុំដើរយឺតៗក្បាលរេរារកនរណាម្នាក់។

“ប្រាវ!”

សំលេងថូធ្លាក់បែកលាន់ឡើង។

«អ្នកណា?ចេញម៉ោ ចេញម៉ោ» ខ្ញុំស្រែកខ្លាំងៗអស់សំលេង។ គ្មាននរណាចេញមកសោះ។

“វិប” ស្រមោលនរណាម្នាក់រត់វឹងក្រោយខ្នងខ្ញុំ។ ខ្ញុំងាកយ៉ាងលឿនស្រាប់តែ…វាគឺជាកូនប្រុសខ្ញុំ…
«កូនមកទីនេះធ្វើអី?ម៉េចក៏មិនដេក?»
កូនខ្ញុំមិនតប តែសម្លក់មុខខ្ញុំក្នុងក្រសែភ្នែកដ៏គួរឱ្យខ្លាច។ ខ្ញុំទាញដៃវាឱ្យទៅដេកវិញ តែវាប្រាប់ថាមិនហ៊ានដេកទេព្រោះខ្លាច។ ខ្ញុំប្រាប់ទៅវាថា
«ដេកចុះ គ្មាននរណាហ៊ានធ្វើអីកូនឯងទេ»
តែកូនប្រុសនៅតែទទូចមិនហ៊ានគេងតែម្នាក់ឯងដដែល។ ខ្ញុំដើរចុះមកក្រោមវិញហើយអង្គុយលើកៅអីឈើដោយអស់កម្លាំង។ អាកាសធាតុកាន់តែត្រជាក់ ខាងក្រៅងងឹតឈឹងចាក់ភ្នែកមិនធ្លុះ។ ពេលនោះសំលេងសើចរបស់កូនប្រុសខ្ញុំក៏លាន់ឡើង។ វាសើចផងនិយាយផងហាក់ដូចជាមាននរណាម្នាក់មកលេងជាមួយអីុចឹង។ មិនបង្អង់យូរខ្ញុំរត់ឡើងទៅមើល
«កូនកើតអី?ម៉េចបានអង្គុយសើចតែឯងអីុចឹង?»
«មីងនោះម៉ោលេងកូន» វាតបទាំងមើលទៅអ្វីម៉្យាងដែលខ្ញុំមើលមិនឃើញ។
«ឯណា?មានមីងឯណាទៀត? ម៉ាកបិទទ្វារចាក់សោរជិតអស់ហើយតើ»។
«មីងនោះគាត់ឡើងម៉ោតាមជណ្ដើរជាន់ក្រោមដី» វានិយាយផងចង្អុលទៅជណ្ដើរចុះទៅជាន់ក្រោមដីផង ធ្វើឱ្យខ្ញុំស្ទើលស់ព្រលឹង។ ខ្ញុំឡើងដេកជាមួយកូន ព្រោះខ្លាចខ្មោចនាងនោះមកទៀត។ ពាក់កណ្ដាលយប់សំលេងទូរស័ព្ទរោទិ៍ឡើង។ ខ្ញុំមមីមមើស្រវាទូរស័ព្ទបានហើយនិយាយ។
«អាឡូ! នាងខ្ញុំណាលី»
«…»
«អាឡូអ្នកណាគេ មិចមិននិយាយ?»

ព្រឹកស្អែកខ្ញុំនៅតែនឹកដល់ទូរស័ព្ទនោះទៀត។ វាគ្មានលេខច្បាស់លាស់ទេព្រោះជា private number ។

៥ឆ្នាំកន្លងផុតទៅ ខ្ញុំបានលែងលះប្ដីខ្ញុំហើយរស់នៅតែពីរនាក់នឹងកូនប្រុស។

ល្ងាចមួយ កូនប្រុសខ្ញុំបានរត់មកផ្ទះវិញទាំងទឹកភ្នែក។

«កើតអីហ្នឹងកូន?» ខ្ញុំសួរដោយក្ដីបារម្ភ។
«កូនលេងបាល់ជាមួយមិត្តភក្ដិ ពួកវាទាត់បាល់មួយទំហឹងត្រូវទ្រូងកូន ឥឡូវឈឺណាស់ កូនត្រូវការសម្រាក» ថារួចវាក៏ដើរចូលបន្ទប់គេងវាបាត់។ ភ្លាមនោះសំលេងទូរស័ព្ទរោទិ៍ឡើង។ វាជា private number គ្មានលេខបង្ហាញលើអេក្រង់ទេ។ ខ្ញុំចុចទទួលទាំងអារម្មណ៍មិនសូវល្អ។
«អាឡូ នាងខ្ញុំណាលី»
«…»
«អាឡូជម្រាបសួរ អ្នកណាគេ?ម៉ិចមិននិយាយ?»
ខ្ញុំព្យាយាមសួរ ហើយពេលដែលខ្ញុំវិះនឹងដាក់ទូរស័ព្ទចុះទៅហើយ សំលេងក្នុងទូរស័ព្ទស្រាប់តែបន្លឺរឡើង។
«ជួ…ជួយផង…»
«អ្នកណា មានរឿងអី?»
«ជួយផង…» វាជាសំលេងនរណាម្នាក់ដែលខ្ញុំដូចជាធ្លាប់ស្គាល់។ សំលេងនេះឮតិចៗ ហើយហាក់ដូចជាភ័យនឹងអ្វីម្យ៉ាង។

“ទឺត…” ទូរស័ព្ទដាច់ទៅវិញបន្សល់ចម្ងល់ជាច្រើនមកលើខ្ញុំ។ ខ្ញុំបានទូរស័ព្ទទៅប្អូនស្រីនៅឯស្រុកសួរវាថាបានតេមកខ្ញុំទេមុននេះបន្តិច តែវាប្រាប់ថាមិនបានចុចទៅទេ៚ ខ្ញុំសាកល្បងទូរស័ព្ទទៅអ្នកផ្ទះគ្រប់គ្នា តែចម្លើយពួកគេគឺមិនដឹងដូចគ្នា។

រឿងទូរស័ព្ទនេះធ្វើឱ្យខ្ញុំងឿងឆ្ងល់អស់ពេលដ៏យូររហូតភ្លេចធ្វើម្ហូបពេលយប់ទៀតផង។

បន្ទាប់ពីរៀបចំម្ហូបពេលយប់ហើយ ខ្ញុំបានទៅបន្ទប់កូនប្រុសខ្ញុំ តែអ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះគឺ កូនប្រុសខ្ញុំបានស្លាប់បាត់ទៅហើយ។ វាស្លាប់ដោយគ្រាំនឹងគ្រាប់បាល់ដែលវាយប្រហារវាខ្លាំងពេកកាលពីថ្ងៃ។ ភ្លាមនោះសំលេងទូរស័ព្ទរោទិ៍ឡើង។ ខ្ញុំទទួលទូរស័ព្ទទាំងទឹកភ្នែក និងក្ដីតក់ស្លុត។ សំលេងនៅក្នុងទូរស័ព្ទបន្លឺសំលេងខ្ញុំផ្ទាល់

«អាឡូ…នាងខ្ញុំណាលីកំពុងនិយាយ…’ ជួយផង… ‘ អាឡូ…មានរឿងអី… ‘ ជួយផង ជួយ…ជួយគាត់ផង… ជួយយកគាត់ទៅមន្ទីរពេទ្យផង» វាជាសំលេងដូចជាខ្សែរអាត់ថតសំលេងឱ្យខ្ញុំឮ។ ទូរស័ព្ទដែលតេមកខ្ញុំពីល្ងាចគ្រាន់តែជាបំណងល្អឱ្យខ្ញុំយកកូនទៅពេទ្យតែប៉ុន្នោះ តែ…ម្ចាស់សំលេងជានរណា? រំពេជនោះ ខ្ញុំទទួលសាររូបភាពមួយ ។ ពេលបើកវាមើល វាគឹជារូបថតរបស់កូនខ្ញុំកំពុងដេកស្លាប់លើគ្រែ ហើយនៅផ្នែកខាងឆ្វេងនៃរូបនោះ វាគឺជាមុខមួយចំហៀងគួរឱ្យខ្លាចរបស់នរណាម្នាក់…គឺ…គឺប្រពន្ធចុង ដែលខ្ញុំបានសម្លាប់នាងកាលពីប៉ុន្មានឆ្នាំមុន។

Loading...