Home ចំណេះដឹងទូទៅ

មាន់​អាំង​ទ្រង់​គ្រឿង​ មុខម្ហូប​ដ៏​មាន​រសជាតិ​ សម្រាប់​ជួបជុំ​គ្រួសារ​

ចែករំលែក

នា​ពេល​ថ្ងៃ​ត្រង់​ និង​ពេល​រសៀល​នេះ​ តើ​ប្រិយ​មិត្ត​អ្នក​អាន​មាន​គម្រោង​ចម្អិន​ម្ហូប​អ្វី​ សម្រាប់​ការ​បរិភោគ​អាហារ​ជួបជុំ​គ្រួសារ​នោះ​? ប្រសិន​បើ​លោក​អ្នក​មិនទាន់​រក​នឹក​ នឹង​ចម្អិន​ម្ហូប​នោះ​ សូម​ចាប់​អារម្មណ៍​នូវ​មុខ​ម្ហូប​មួយ​មុខ​នេះ​ ដើម្បី​សាក​នូវ​រសជាតិ​មាន់​អាំង​ទ្រង់​គ្រឿង​ ដ៏​មាន​ឱជារស​មួយ​នេះ​។

ខាង​ក្រោម​នេះ​គឺ​ជា​គ្រឿង​ផ្សំ​សម្រាប់​ប្រឡាក់​សាច់​ និង​ជា​វិធី​ធ្វើ​នូវ​មុខ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ដែល​ប្រិយមិត្ត​ប្រហែល​ជា​មិន​ធ្លាប់​បាន​សាក​ពី​មុន​មក​ ដូច្នេះ​សូម​តាមដាន​នូវ​វិធី​ចម្អិន​ដូច​ខាងក្រោម​នេះ​តទៅ​។


គ្រឿងផ្សំ​៖
១- ស្លឹកគ្រៃ​ ខ្ទឹមស​ ខ្ទឹម​ក្រហម​ ម្ទេស​ក្រហម​ រមាត​ ស្លឹក​ក្រូច​ អំបិល​ចុង​ស្លាបព្រា​កាហ្វេ​ ស្ករ​១​វែក​ បុក​លាយ​ចូល​គ្នា​ អោយ​ម៉ដ្ឋ​ ចំនួន​១​វែក​ពេញ​
២- សណ្ដែក​ដី​លីង​ បុក​អោយ​ម៉ដ្ឋ​ ចំនួន​ ១​វែក​ពេញ​
៣- ទឹកត្រី​ កន្លះ​វែក​
៤- សាច់​មាន់​សុទ្ធ​ ១​គីឡូ​ និង​ ចង្កាក់​សម្រាប់​ដោត​សាច់​
៥- ប្រេង​ឆា​ កន្លះ​វែក​

របៀប​ធ្វើ​៖
១- យក​សាច់​មាន់​ហាន់​ស្ដើង​ៗ​ល្មម​ អាច​ដោត​ចង្កាក់​បាន​
២- យក​សាច់​មាន់​ប្រឡាក់​នឹង​គ្រឿង​ខាង​លើ​ អោយ​សព្វ​ ទើប​ដោត​ចង្កាក់​។
៣- ដាក់​អាំង​ធ្យូង​ក្ដៅ​ រហូត​ឆ្អិន​
៤- បរិភោគ​ទ្រាប់​ជាមួយ​ជ្រក់​ល្ហុង​ ជ្រក់​ត្រសក់​ ឬ​ ជ្រក់​បន្លែ​គ្រប់​មុខ​ មាន​រសជាតិ​ជូរ​អែម​។
៥- បើ​ចង់​ឆ្ងាញ់​ សូម​ធ្វើ​ទឹក​គ្រឿង​សាតេ​ ដោយ​យក​ ខ្ទិះ​ដូង​ទៅ​រំងាស់​ រួច​លីង​គ្រឿង​ខាង​លើ​ជាមួយ​ បន្ទាប់​មក​ ថែម​ថយ​រសជាតិ​ ស្ករ​អំបិល​ទឹក​ត្រី​ តាម​ចំណូល​ចិត្ត​ លុះ​ឆ្អិន​សព្វ​ ទើប​យក​ទៅ​លាប​ពី​លើ​សាច់​មាន់​អាំង​ ថែម​មួយ​ជាន់​ទៀត​ នៅ​ពេល​អាំង​ឆ្អិន​។
៦- បើ​ចង់​ប្លែក​មាត់​ អាច​យក​សាច់​មាន់​អាំង​នេះ​ ទទួល​ទាន​ជាមួយ​នំបញ្ចុក​ ទ្រប់​បន្លែ​ ជ្រលក់​ទឹកត្រី​ជូរ​អែម​ ក៏​បាន​។
៧- បើ​ពុំ​ចូលចិត្ត​បុក​គ្រឿង​ ស្លឹកគ្រៃ​ស្លឹក​ក្រូច​ទេ​ អាច​បុក​ត្រឹមតែ​ ខ្ទឹមស​ ម្ទេស​ក្រហម​ និង​ រមាត​ ថែម​អំបិល​ស្ករ​ ប្រឡាក់​សាច់​រួច​ដោត​ចង្កាក់​អាំង​ក៏​បាន​។

Special-Chicken-Grill-002

ផ្តល់សិទ្ធិដោយ៖ kqube