Home រឿងនិទាន

រឿងដើមភ្លៅនាង

ចែករំលែក

គ្រាន់តែលឺឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងគ្រប់គ្នា តើវាមានដំណើររឿងរ៉ាវដូចម្តេច បានជារុក្ខជាតិនេះ មាននាមពិរោះម្ល៉េះ? បើសង្កេតរូបភាពនៃដើមនេះវិញ គេឃើញថា ដើមនោះត្រសូលស្អាត ពុំសូវមានថ្នំាង ឬ ភ្នែករដិបរដុបទេ ឯសម្បុរសំបកទៀតសោត ក៏សស្អាត ក៏នាំឲ្យនឹកថា ប្រហែលជាបុរាណលោកប្រដូចដើមនេះទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ ដើម្បីដោះស្រាយសេចក្តីឆ្ងល់នេះ ក្រុមជុំនុំទំនៀមទំលាប់សូមជូនឯកសារមួយដែលនិទាន រឿងដូចតទៅនេះ៖

កាលនោះមានព្រះរាជាមួយអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើនសតវត្សមកហើយព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន។ លុះយូរបន្តិចមក ព្រះរាជាអង្គនេះ ទ្រង់សព្វព្រះទ័យនឹងនាងមួយឈ្មោះនាងចាន់ ព្រះអង្គទ្រង់យកនាងធ្វើជាស្នំពៅគេបង្អស់។ នាងនោះមានរូបឆោមលោមពណ៌ល្អយ៉ាងឆើតជាងស្នំមហេសីទំាងអស់ តែនាងនោះឥតមានព្រះរាជបុត្រទេ ម្ល៉ោះហើយព្រះអង្គ ក៏សព្វព្រះរាជហឬទ័យជាងស្នំមហេសីទំាងអស់ដែរ ព្រោះនាងចេះប្រកបកិច្ចការងារដណ្តាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ។


ព្រះរាជាក៏លើកតម្កើងនាងចាន់ ធ្វើជាព្រះអគ្គមហេសី ធំជាងគេឯង។ និយាយពីនាងចាន់នេះ នាងមានក្រចកម្រាមដៃល្អលូតលាស់វែងៗគ្រប់ទំាងដប់បីដូចជាស្លាបព្រា បើធ្វើក្រយ៉ាស្ងោយថ្វាយស្តេច នាងយកក្រចកនាងដងទឹក ឬដួសដល់គ្រឿងផ្សេងៗ ដើម្បីរង្វាល់ឲ្យដឹងប្រមាណ មិនឲ្យប្រៃពេក ឬសាបពេកឲ្យតែល្មម សូម្បីនាងបង់ប្រហុក អំបិល ស្លឹកគ្រៃ ឬគ្រឿងអ្វីក្នុងសម្លក្តី នាងក៏យកក្រចកម្រាមដៃធ្វើជាស្លាបព្រា ម្ល៉ោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សម្លនោះមានឪជារសឆ្ងាញ់ណាស់ នំាឲ្យព្រះស្វាមីសព្វព្រះរាជហឬទ័យរាល់ពេលវេលា។

img_1760

(ដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរ)